ទឹកស្ទឹងព្រែកត្នោត ស្រកចុះជាង២០សង់ទីម៉ែត្រហើយនៅថ្ងៃនេះ

0
828

កំពង់ស្ពឺ៖ ជំនន់ទឹកស្ទឹងព្រែកត្នោត បានគំរាមកំហែងដល់ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មាន​ថ្ងៃនេះ ធ្វើឱ្យថ្នាក់ដឹកនាំដុតដៃដុតជើង ត្រៀមលក្ខណៈ ក្នុងការទប់ទល់ជាមួយទឹកជំនន់ ដើម្បីការបញ្ជៀសគ្រោះថ្នាក់ផ្សេងៗដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

តែយ៉ាងណា ការគំរាមនៃជំនន់ទឹកស្ទឹងព្រែកត្នោតនេះ បានថមថយទៅវិញ បន្ទាប់ពីគ្មានភ្ញៀងធ្លាក់ ដែលធ្វើ​ឱ្យថ្នាក់ដឹកនាំ និងពលរដ្ឋមានការរីករាយយ៉ាងខ្លាំង។ ជាមួយគ្នានេះ បើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា គិតមកដល់ម៉ោង១៤ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ ស្ថានភាពទឹកស្ទឹងព្រែកត្នោត បានស្រកចុះជិត២០សង់ទីម៉ែត្រហើយ។

លោក វ៉ី សំណាង បន្តថា និយាយជារួម យើងអាចសន្និដ្ឋានបានថា ប្រសិនបើគ្មានភ្លៀងនៅផ្នែកខាងលើក្នុងចន្លោះពីមួយថ្ងៃទៅពីរថ្ងៃទៀត ស្ថានភាពទឹកនឹងវិលទៅរកសភាពធម្មតាវិញ ប៉ុន្តែបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា នៅថ្ងៃទី២៧ អាចមានព្យុះធំមួយនឹងមកដល់ព្រះរាជាណាចក្រកម្ពុជាយើងទៀត។

ដូច្នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយសន្តរស្ទឹងព្រែកត្នោត ជាពិសេសអ្នករស់នៅផ្នែកខាងក្រោម សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ ដោយទឹកជំនន់នេះ៕