ចេញផ្សាយថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងប៉ុស្តិ៍យាម គល់ស្ពានអាកាសចោមចៅ ដោយមិនដឹងមូលហេតុ ដែលបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦និង៣៥នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងប៉ុស្តុ៍យាមកន្លែងការដ្ឋានសាងសង់ស្ពានអាកាសរង្វង់មូលចោមចៅ ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសដែលដេកស្លាប់ត្រូវបានគេស្គាល់ឈ្មោះថា សី សេរីវឌ្ឍន៍ អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងមានទីលំនៅបច្ចុប្បន្នផ្ទះលេខ១១ ភូមិ៤ ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា កាលពីពេលយប់ជនរងគ្រោះបានចូលមកយាម និងដេកដូចធម្មតានៅក្នុងប៉ុស្តិ៍ លុះព្រឹកឡើងមិនឃើញជនរងគ្រោះខាងលើ ភ្ញាក់ឡើងកម្មករដែលចូលទៅធ្វើការនៅទីនោះក៏បាននាំគ្នាដាស់ឲ្យក្រោក ស្រាប់តែភ្ញាក់ព្រើតជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបនាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យ។

បន្ទាប់មកសមត្ថកិច្ចបានចុះទៅពិនិត្យជាជំហ៊ានដំបូង និងបានសង្ស័យថាជនរងគ្រោះស្លាប់ដោយជម្ងឺខ្យល់គរ ។ក្រោយកើតហេតុខាងការដ្ឋានសំណង់ខាងលើ បានដឹកសពជនរងគ្រោះទៅវត្តជម្ពូវ័ន្ តដើម្បីទុកឲ្យនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះពិនិត្យធ្វើកោសល្យវិច្ច័យ និងបានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារ សាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕