ក្រចេះ៖ កងរាជអាវុធហត្ថខេត្តក្រចេះ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជូនខ្លួនមេបញ្ជាការ និងមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ទៅកាន់សាលាដំបូងខេត្តដើម្បីបន្តនីតិវិធី។
ការចាប់បញ្ជូនមេបញ្ជាការ និងមេបញ្ជាការរងខាងលើបញ្ជូនទៅតុលាការ គឺបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួន សាកសួរស្រាវជ្រាវតាមនីតិវិធី អស់រយៈពេល២ថ្ងៃ នៅទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ដោយមានការដឹកនាំ និងសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត ជុំករណីហិង្សា និងទារុណកម្ម លើក្មេងស្រីពីរនាក់ កាលពីវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅក្រុងក្រចេះ។
មេបញ្ជាការ និងមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ
ជនសង្ស័យទី១ ឈ្មោះ ទេព ហ៊ុយ ជាមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងក្រចេះ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ និងជនសង្ស័យទី២ ឈ្មោះ គឹម សុវណ្ណារឹទ្ធ មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងក្រចេះ ឃាត់ខ្លួននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។ ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ធ្វើឡើងបន្ទាប់ពីមានបញ្ជារផ្ទាល់ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស លើករណីប្រើអំពើហិង្សា លើក្មេងស្រីពីរនាក់ ជាកូនឈ្នួល បម្រើការងារក្នុងផ្ទះ បណ្តាលឱ្យរងរបួស គ្រាន់តែរឿងធ្វើឱ្យឆ្កែចិញ្ចឹម១ក្បាលស្លាប់ប៉ុណ្ណោះ ដែលបច្ចុប្បន្នក្មេងស្រីខាងទាំងពីរនាក់ កំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕
ក្មេងស្រីរងគ្រោះ
ចាប់បញ្ជូនខ្លួនមេបញ្ជាការ និងមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ មកតុលាការ
ឆ្កែដែលស្លាប់