ឧត្តរមានជ័យ៖ សហគមន៍ លឹម ភា ដែលស្ថិតនៅភូមិដីថ្មីសន្តិភាព ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបចំចុះឈ្មោះបងប្អូនប្រជាពលរដ្ឋក្នុងភូមិ ដែលគ្រប់អាយុបោះឆ្នោត ដើម្បីមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនិងឈានចូលមកដល់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។
បើតាមលោក លឹម ភា បានឱ្យដឹងថា នេះជាភូមិថ្មី ក្រោយលោកបង្កើតសហគមន៍ និងចែកដីជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ជនពិការ ដែលរហូតមកដល់ពេលនេះ មានប្រមាណជាង៥០០គ្រួសារ កំពុងរស់នៅក្នុងសហគមន៍ ក្រោមការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ពិសេសប្រមុខរដ្ឋាភិបាល ដោយចាត់ជំនួយការផ្ទាល់របស់សម្តេច គឺឯកឧត្តម ដួង ដារា បានអញ្ជើញចុះមកដល់ទីតាំងផ្ទាល់ អមដោយអំណោយដ៏ថ្លៃថ្លារបស់សម្តេចចែកជូនប្រជាពលក្នុងសហគមន៍របស់លោកថែមទៀតផង។
លោក លឹម ភា បន្តថា ពលរដ្ឋរស់នៅក្នុងសហគមន៍ លឹម ភា ចងចាំជានិច្ច នូវគុណូបការៈរបស់សម្តេចប្រមុខរដ្ឋាភិបាល ដែលជាអគ្គមគុទ្ទេសសន្តិភាពដ៏ឆ្នើមរបស់កម្ពុជា និងគាំទ្រសម្តេចប្រមុខរដ្ឋាភិបាល ដឹកនាំប្រទេសជាដ៏រាបរៀងរហូតទៅ។
សូមជំរាបថា សហគមន៍ លឹម ភា ដែលស្ថិតនៅភូមិដីថ្មីសន្តិភាព ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានពលរដ្ឋសរុបចំនួន២១៤៨នាក់ ប្រុស៩៣៩នាក់ ស្រី១២០៩នាក់ ហើយពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត មានចំនួន១០៨២នាក់ ស្រី៥៩៣នាក់ និងប្រុស៤៨៩នាក់៕