អភិបាលខេត្តសៀមរាប ជំរុញការចាប់ផ្តើមរៀបចំកំពង់ផែចុងឃ្នៀស ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និង អន្តរជាតិ

0
768

សៀមរាប៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចម្រុះខេត្ត ចុះពិនិត្យកំពង់ផែចុងឃ្នៀស ដើម្បីរៀបចំ និង ជួសជុលកែលម្អឡើញវិញស្របតាបតាមស្តង់ដាកំពង់ផែទេសចរណ៍ ដើម្បីដាក់បម្រើសេវាកម្មសម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលប្រកាសបើកដំណើរការប្រទេសឡើងវិញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់កុមារអាយុ៥ឆ្នាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ១៩ តាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។

លោកថា ដូច្នេះខេត្តសៀមរាប ដែលជាខេត្តគោលដៅទេសចរវប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្ត្រផងនោះ យើងត្រូវយកចិត្តទុកដាក់ និង គិតគូរឲ្យបានហ្មត់ចត់បំផុត ដើម្បីត្រៀមលក្ខណៈបើកដំណើរការទទួលភ្ញៀវទេសចរឡើងវិញ នាដើមឆ្នាំ២០២២ខាងមុខនេះ ស្របតាមគន្លងប្រក្រតីភាពថ្មី និងត្រូវរៀបចំនីតិវិធីប្រតិបត្តិស្តង់ដាសុវត្ថិភាព ( SOP ) រៀនរស់ជាមួយកូវីដ១៩។

ឯកឧត្តម ទៀ សីហា បន្ថែមថា ក្រៅពីតំបន់ប្រាង្គប្រាសាទ កំពង់ផែចុងឃ្នៀសនេះ គឺជាគោលដៅ ទេសចរណ៍យ៉ាងសំខាន់ផងដែរ ព្រោះកន្លងមកនៅពេលភ្ញៀវទេសចរបញ្ចប់ការទស្សនាតំបន់ប្រាង្គប្រាសាទ ពួកគាត់នឹងមកតំបន់នេះ ដើម្បីទស្សនាសម្រស់ធម្មជាតិនៃបឹងទន្លេសាប។ ហេតុនេះការងារបន្ទាន់ និង ចំពោះមុខ ជាជំហានដំបូងយើងត្រូវរៀបចំជួសជុល និង កែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អនាម័យ និង បរិស្ថានឲ្យបានស្អាតជាមុន រួមទាំងបញ្ហាសន្តិសុខ និង សណ្ដាប់ធ្នាប់សាធារណៈផងដែរ ដើម្បីបង្កើនភាពទាក់ទាញ និង ការចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរ។

ដូចគ្នានេះ ឯកឧត្តម ទៀ សីហា ស្នើថ្នាក់ដឹកនាំមន្ទីរ និង អង្គភាពពាក់ព័ន្ធ សូមធ្វើការងារនេះឱ្យបានឆាប់រហ័ស និង ត្រូវកំណត់ច្បាស់លាស់ ដោយបែងចែកឱ្យមានជាតំបន់បដិសណ្ឋារកិច្ច តំបន់ប្រជាជនរស់នៅ និងតំបន់ផ្សារត្រីជាដើម ។

សូមបញ្ជាក់ថា កំពង់ផែចុងឃ្នៀស ស្ថិតនៅក្នុងតំបន់បឹងទន្លេសាប នៃសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ត្រូវបានរដ្ឋបាលខេត្តគ្រប់គ្រងជាបណ្តោះអាសន្នកាលពីចុងខែសីហាកន្លងមក បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដកហូតចេញពីការវិនិយោគរបស់ក្រុមហ៊ុនឯកជន តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្តី បានកំណត់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ គ្រប់គ្រងតំបន់កំពង់ផែនេះជាបណ្តោះអាសន្ន ដែលប្រការសំខាន់គឺ ផែនការ១០ចំណុចសម្រាប់ការគ្រប់គ្រងតំបន់នេះ ដើម្បីអភិវឌ្ឍន៍ រក្សាតម្លៃផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

គួររំលឹកថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ ក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង ដោយយោងតាមការសម្រេចអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់ថា កម្ពុជានឹងចាប់ផ្ដើមបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលមានបំណងចង់មកទស្សនា កម្សាន្តនៅកម្ពុជាចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២១នេះតទៅ ដោយការចាប់ផ្តើមដំបូងនៅ ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង និងបន្ទាប់មកនៅខេត្តសៀមរាប នៅក្នុងខែមករា ឆ្នាំ២០២២ នៅក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៏សុវត្ថិភាព ក្នុងរយៈពេល០៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារ៕

#មន្ទីរព័ត៌មានខេត្តសៀមរាប