គណបក្សខ្មែរស្រឡាញ់ជាតិ ថា ថ្ងៃ៩ វិច្ឆិកា ១៩៥៣ និងថ្ងៃ២៣ តុលា ១៩៩១ គឺជាការបញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ និងបញ្ចប់ការឈ្លានពានបរទេសមកលើកម្ពុជា ដែលជាស្នាមព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះបរមរតនកោដ្ឋ

0
1007

ភ្នំពេញ៖ ខួប៦៨ឆ្នាំ នៃថ្ងៃបុណ្យឯករាជ្យជាតិ គឺជាការរំលឹកពីវរភាពដ៏ថ្លៃថ្លា របស់អង្គព្រះមហាក្សត្រ ព្រះបាទនរោត្តម ស៊ីហនុ ព្រះបរមរតនកោដ្ឋ ចំពោះការទាមទារឯករាជ្យ​បានពីបរទេស នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

វីរភាពនៃស្នាមព្រះហស្ថរបស់ទ្រង់ ស្ថិតជាប់ក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់រូប និងគ្រប់ជំនាន់ ដែលកម្ពុជា ចាប់តាំងពីពេលនោះមក នៅថ្ងៃទី០៩ ខែវិច្ឆិកា តែងតែប្រារព្វ ទិវាបុណ្យឯករាជ្យជាតិ មិនដែលខកខានម្តងណាឡើយ ដោយមានការយាងចូលរួមប្រទាន និងពន្លត់ភ្លើងជ័យ ពីអង្គព្រះមហាក្សត្រ អមដោយថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័ន មន្ទីរនៅទូទាំងប្រទេសប្រារព្វពិធីបុណ្យឯករាជ្យជាតិ។

ដូចគ្នានេះ ក្នុងពិធីគម្រប់ខួប៦៨ឆ្នាំ ដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំង គណបក្សខ្មែរស្រឡាញ់ជាតិ បានចេញសេចក្តីថ្លែងការណ៍ ចូលរួមអបអរសាទរថ្ងៃដ៏មហាវិសេសវិសាលនេះ ដែលកម្ពុជាទទួលបានឯករាជ្យជាតិ។ ជាមួយនិងការអបអរសាទរខួប៦៨ឆ្នាំ បុណ្យឯករាជ្យជាតិ គណបក្សខ្មែរស្រឡាញ់ជាតិ បានលើកឡើងថា រយៈពេលជិតមួយសតវត្សរ៍ ដែលកម្ពុជាស្ថិតក្រោមអាណានិគមបារាំង ដោយអង្គព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូនីយកិច្ចទាមទារឯករាជ្យដ៏ពិតប្រាកដសម្រាប់ជាតិមាតុភូមិ។

ដូចគ្នានេះ គណបក្សខ្មែរស្រឡាញ់ជាតិ ហៅការរំលឹកដល់ថ្ងៃទទួលបានឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣ និងថ្ងៃនៃកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងខ្មែរនិងខ្មែរ ២៣ តុលា ១៩៩១ គឺចង់រំលឹកឱ្យឃើញនូវបុព្វហេតុរបស់ប្រជាពលរដ្ឋកម្ពុជា ចង់បាននូវអធិបតេយ្យជាតិ ឯករាជ្យជាតិ បូរណភាពទឹកដី ការបញ្ចប់ជម្លោះរវាងខ្មែរនិងខ្មែរ និងការបញ្ចប់ការឈ្លានពានរបស់បរទេសមកលើប្រទេសកម្ពុជា។

ទោះជាយ៉ាងណា ក្នុងនាមគណបក្សនយោបាយ គណបក្សខ្មែរស្រឡាញ់ជាតិ ក៏មិនភ្លេចក្នុងការបង្កប់អត្ថន័យនយោបាយ បើទោះបីខ្លួនជាគណបក្សក្មេងខ្ចីក្តី តែមេដឹកនាំសុតតែអ្នកមានបទពិសោធនយោបាយ នៃអតីតគណបក្សសង្គ្រោះជាតិ ដោយប្រកាសបន្តស្មារតីសង្គ្រោះជាតិ បានកត់សម្គាល់ឃើញថា អ្នកនយោបាយខ្មែរបាននិងកំពុងធ្លាក់ទៅក្នុងប្រវត្តិសាស្ត្រច្រំដែល នៃភាពជូរចត់ដែលខ្មែរយើងធ្លាប់ជួបប្រទះនូវការបែកបាក់សាមគ្កីជាតិ ខ្វះការឯកភាពជាតិ ខ្វះការបង្រួបបង្រួមជាតិ ដែលធ្វើឱ្យខ្មែរចុះខ្សោយរហូតដល់រដ្ឋបរទេស មានការឈ្លានពានមកលើប្រទេសជាតិយើងកន្លងមក។ គណបក្សខ្មែរស្រឡាញ់ជាតិ បន្តថា នៅរយៈពេលចុងក្រោយនេះ ប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបាត់បង់ដោយសារគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ មេដឹកនាំគណបក្សត្រូវបានឃុំខ្លួន មន្រ្តីជាន់ខ្ពស់មួយចំនួនធំត្រូវហាមឃាត់សិទ្ធិធ្វើនយោបាយ សម្លេងក្រុមអ្នកនយោបាយស្រឡាញ់ប្រជាធិបតេយ្យ ត្រូវបានបំបែកបំបាក់សាមគ្គីភាព និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិត្រូវបានរិតត្បិត សកម្មជននយោបាយ សកម្មជនដីធ្លី សកម្មជនបរិស្ថាន ដែលហ៊ានបញ្ចេញមតិរិះគន់ត្រូវបានតុលាការចោទប្រកាន់ និងចាប់ឃុំខ្លួន។

ដោយឆក់យកឱកាស នៃទិវាបុណ្យឯករាជ្យជាតិ ខួប៦៨ឆ្នាំ គណបក្សខ្មែរស្រឡាញ់ជាតិ ក៏បានធ្វើការអំពាវនាវ ដល់អ្នកនយោបាយគ្រប់និន្នាការទាំងអស់ ពិសេសមេដឹកនាំនយោបាយដែលកំពុងកាន់អំណាច សូមរក្សាស្មារតីសាមគ្គីជាតិ ឯកភាពជាតិ បង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ និងរួមគ្នាអនុវត្តឱ្យបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ទើបយើងអាចសាងប្រទេសជាតិឱ្យទៅជាកោះសន្តិភាព មានឯករាជ្យជាតិ អធិបតេយ្យភាពជាតិ បូរណៈភាពទឹកដីពិតប្រាកដ៕

លោក ជីវ កត្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ