ភ្នំពេញ៖ ទីបំផុតទៅ យុវជនទំនើង យឹង វណ្ណដា អាយុ២៧ឆ្នាំ មុខរបរ សន្តិសុខឯកជន ដែលបានធ្វើសកម្មភាពជេរប្រមាថមើលងាយ និង ដេញវាយសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿង និងបញ្ជូនទៅតុលាការ នៅវេលាម៉ោង ១៦:០០នាទី រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់បន្តទៀត។
យ៉ាងណា ក្រោយសកម្មភាពច្រឡោមខាម របស់យុវជនខាងលើ នៅរសៀសថ្ងៃដដែល ម្តាយយុវជនបង្ក បានមកសុំទោស សមត្ថកិច្ចនៅគោលដៅកើតហេតុ ដោយសម្លេងទ្រហោរយំ មិននឹកស្មានដល់ ថាកូនរបស់ខ្លួនប្រព្រឹត្តិអំពើច្រឡោមខាមបែបនេះទេ។
ក្រោយមហាជនឃើញការសុំទោសរបស់ម្តាយជនបង្ករដល់សមត្ថកិច្ច ម្នាក់ៗមានការសង្វេកចិត្តយ៉ាងខ្លាំង ព្រោះតែទង្វើររបស់កូនជាអ្នកបង្ករ ម្តាយមកយំអង្វរសុំការលើកលែងទោសពីសមត្ថកិច្ច ដោយក្តីអាណិត និងស្រឡាញ់កូន។
តែយ៉ាងណា នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនយុវជនបង្ករខាងលើ នៅចំណុចសាលមហោស្របចេនឡា ម្តុំផ្សារដើមគរ និងនាំខ្លួនទៅសាកសួរនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយរសៀលថ្ងៃដដែលនេះ សមត្ថកិច្ចបានបញ្ជូនយុវជនបង្ករខាងលើ ទៅតុលាការដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់បន្តទៀត៕