ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ពាក់ព័ន្ធនឹងការស្នើសុំបង្កើតការិយាល័យប្រតិភូគណៈមេធាវីប្រចាំតុលាការកំពូល ជាមួយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល។
ក្នុងជំនួបនោះ ជាលទ្ធផលនៃកិច្ចពិភាក្សាការងារ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី បានវាយតម្លៃខ្ពស់និងកោតសរសើរសមិទ្ធផលការងារយ៉ាងច្រើនដែលឯកឧត្តម លី ច័ន្ទតុលា សម្រេចបានក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ និងបានឯកភាពលើការរៀបចំឱ្យមានការិយាល័យប្រតិភូគណៈមេធាវីប្រចាំតុលាការកំពូលតាមសំណើរបស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងបានប្រគល់បន្ទប់មួយនៅតុលាការកំពូល ដែលបានរៀបចំរួចជាស្រេចជូនដល់គណៈមេធាវី ដើម្បីរៀបចំជាការិយាល័យប្រតិភូ។
ជាមួយគ្នានោះ គណៈមេធាវី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធានតុលាការកំពូល ដែលបានអនុញ្ញាតឱ្យប្រតិភូគណៈមេធាវីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារព្រមទាំងបានប្រគល់បន្ទប់សម្រាប់រៀបចំជាការិយាល័យប្រតិភូគណៈមេធាវីប្រចាំតុលាការកំពូល៕