ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Royal Group រួមទាំងភរិយា ព្រមទាំងកូនៗទាំង៤នាក់ កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចូលជួបសម្តែងការគួរសម និងសួរសុខទុក្ខ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី នៅគេហដ្ឋាន។
ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានអនុញ្ញាតឱ្យលោក ចូលជួបសម្តែងការគួរសម និងសួរសុខទុក្ខនៅក្នុងឱកាសនេះ។ អ្នកឧកញ៉ាក៏បានសម្តែងការគោរព និងកោតសរសើរជាខ្លាំងចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការក្នុងសកម្មភាពនានាកន្លងមក ដើម្បីរួមចំណែកជួយដល់រាជរដ្ឋាភិបាល ប្រទេសជាតិ និងប្រជាជនកម្ពុជា។
ឆ្លៀតនៅក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង គាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត ដែលលោកពិតជាឥស្សរជនដ៏ស័ក្តិសម និងជាឥស្សរជនថ្នាក់ដឹកនាំវ័យក្មេងដ៏ឆ្នើមមួយរូបរបស់កម្ពុជា ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ និងកំពុងរួមចំណែកស្រាប់ក្នុងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
អ្នកឧកញ៉ា ក៏បានគោរពជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងបុត្រ បន្តទទួលបានជោគជ័យបេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើជាតិមាតុភូមិដ៏បវរនៃយើង និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕