ភ្នំពេញ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលគេដឹងថា ជាអ្នកនយោបាយអហិង្សានិយម មិនដែលបង្កើតព្រឹត្តិការណ៍ រុញច្រានពលរដ្ឋឱ្យរងគ្រោះជំនួសខ្លួនឡើយ ដោយលោកស៊ូជាប់ពន្ធនាគារ និងមិនរត់ចោលស្រុក ព្រមទាំងអ្នកគាំទ្ររបស់ខ្លួន ដូចអ្នកនយោបាយហៃអើមួយចំនួនឡើយ។
អ្នកនយោបាយហៃអើទាំងនោះ ពូកែខាងទូងស្គរពីក្រៅ ហើយរុញច្រានឱ្យអ្នកគាំទ្រ រងគ្រោះជំនួសខ្លួនជាបន្តបន្ទាប់ ដែលគ្មានក្តីមេត្តាធម៌ក្នុងខ្លួនជាមេដឹកនាំ។ ដែលមនុស្សជំពូកនេះ ចូលចិត្តតែប្រើចិត្តសាស្រ្តហិង្សានិយម តែកាយវិការធ្វើរបស់ខ្លួនជាអ្នកប្រជាធិបតេយ្យ ស្រលាញ់ជាតិ និងពលរដ្ឋណាស់។ ប៉ុន្តែអ្វីណាដែលពួកគេធ្វើនេះ វាគ្រាន់តែជាការសម្តែងឱ្យបងប្អូនលង់ជឿគេតែប៉ុណ្ណោះ ព្រោះជននោះជាអ្នកនយោបាយពាក់ស្រោមមុខប្រជាធិបតេយ្យក្លែងក្លាយ ដោយចុងបញ្ចប់ មានតែរុញច្រានឱ្យអ្នកគាំទ្រ ដែលលង់ជឿតាមគេ ទទួលគ្រោះជំនួសតែប៉ុណ្ណោះ។
ត្រង់ចំណុចនេះហើយ លោក កឹម សុខា កាលពីពេលថ្មីៗនេះ បានបង្ហាញថា ដោយស្មារតីស្រលាញ់ និងចង់ជួយប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរឱ្យបានសុខចម្រើនពិត ជាពិសេសក្នុងនាមជាអ្នកដឹកនាំ រូបលោក ទោះបីលទ្ធភាព សិទ្ធិសេរីភាព នៅមានកម្រិតក្តី តែលោកនៅតែយល់ថា ការឈរជើងក្នុងមាតុភូមិ និងផ្សាភ្ជាប់ភាពជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ដោយមិនរត់ចោលពួកគាត់ នោះគឺជាជម្រើសដ៏ល្អបំផុត។
លោក កឹម សុខា បន្ថែមទៀតថា ម្យ៉ាងលោកបានយល់ ដឹង និងឮផ្ទាល់ ពីប្រជាពលរដ្ឋខ្មែរ ដែលនៅតែគាំទ្រគោលជំហររបស់លោកក៏ដូចជាប្រទេសជាមិត្តល្អរបស់កម្ពុជា ដែលនៅតែផ្តល់តម្លៃដល់លោក ឱ្យតំណាងមកជួបសម្តែងការគួរសម និងពិភាក្សា គឺដោយសារការលះបង់ ដោយការព្យាយាមអត់ធ្មត់ ដោយអហិង្សា រក្សានូវគោលជំហរប្រាកដប្រជា តម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ មិនមែនដោយការធ្វើសកម្មភាពគ្មានគោលដៅច្បាស់លាស់ ទូងស្គរពីចម្ងាយ បង្កើតព្រឹត្តិការណ៍រុញច្រានឱ្យប្រជាពលរដ្ឋរងគ្រោះជំនួសនោះឡើយ។
ត្រង់ចំណុចនេះ បើទោះបីលោក កឹម សុខា មិនបញ្ចេញចំឈ្មោះ ក៏មហាជនដឹងថា លោកចង់សំដៅដល់ដៃគូរនយោបាយរបស់លោកដែលក្បត់សម្ព័ន្ធភាព និងមិនចេះទទួលខុសត្រូវ ទូងស្គរពីក្រៅប្រទេស បញ្ចេញសារនយោបាយហិង្សានិយម ដែលធ្វើឱ្យអ្នកគាំទ្រនៅក្នុងស្រុកលង់និងសំដីធ្វើសកម្មភាពដោយគ្មានការគិតពិចារណាវែងឆ្ងាយ ត្រូវទទួលរងការចាប់ដាក់ពន្ធនាគារ ក្រោមបទចោទ ញុះញង់ បង្ករឱ្យមានភាពវឹកវរសង្គមជាដើម។
លោក កឹម សុខា មេដឹកនាំដែលពោរពេញដោយព្រហ្មវិហារធម៌ និងតែងមានក្តីមេត្តា ករុណា ពិសេសក្តីនឹករលឹក ចំពោះបងប្អូនប្រជាពលរដ្ឋជាប់ជាប្រចាំនោះ កាលពីថ្ងៃទី១៨.១៩និងទី២០ ខែកុម្ភៈ ឆ្នាំ២០២២ លោកបានធ្វើដំណើរចុះដល់មូលដ្ឋាន ដើម្បីនាំយកជំនួយមនុស្សធម៌ រួមមាន អង្ករ ត្រីខ មី ទឹកស៊ីអ៊ាវ ទឹកផ្លែឈើ រួមទាំងថវិកាមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចាស់ជរា និងអ្នកជំងឺជាដើម។ ក្នុងសកម្មភាពនេះ នៅថ្ងៃទី១៨ ពេលព្រឹកលោក កឹម សុខា បានធ្វើនៅទីក្រុងភ្នំពេញ ពេលរសៀលនៅខេត្តព្រៃវែង បន្ទាប់មកថ្ងៃទី១៩ ពេលព្រឹក នៅខេត្តត្បួងឃ្មុំ ពេលរសៀល នៅខេត្តក្រចេះ និងនៅថ្ងៃទី២០ ចែកជូនដល់អ្នកជំងឺ និងលោកយាយលោកតា នៅខេត្តស្ទឹងត្រែង ភូមិភាគឥ្យសានប្រទេស។
ក្នុងឱកាសនោះផងដែរ លោក កឹម សុខា បានជំរាបជូនដល់បងប្អូនប្រជាពលរដ្ឋ លោកយាយលោកតា ចាស់ជរា ដែលបានទទួលជំនួយមនុស្សធម៌ពីរូបលោកថា ជំនួយទាំងនេះ គឺកើតឡើងដោយក្តីនឹករលឹករបស់លោក ដែលរូបលោកផ្ទាល់មិនអាចមកសួរសុខទុក្ខបងប្អូន លោកយាយលោកតា ដោយដៃទទេរបានទេ។ ដូច្នេះហើយ មានតែភ្ជាប់ជូនបងប្អូន លោកយាយលោតា ចាស់ជរា រួមទាំងអ្នកជំងឺផង នូវសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ដើម្បីបានដោះស្រាយជីវភាពមួយរយៈ។
យ៉ាងណាលោក កឹម សុខា មិនភ្លេចឡើយ នូវការផ្តាំផ្ញើជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពិសេសចាស់ជរា ដែលងាយប្រឈមឆ្លងជំងឺកូវីដ១៩ ដោយណែនាំឱ្យពួកគាត់មានការប្រុងប្រយ័ត្ន និងថែសុខភាពទាំងអស់គ្នា ពាក់ម៉ាស់ លាងដៃនិងអាល់កុលជាប់ជាប្រចាំ។ ដូចគ្នានេះ លោក កឹម សុខា ក៏បានជំរាបដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាប់ផងដែរថា អ្វីណាដែលលោកបាននិងកំពុងធ្វើក្នុងនាមការងារមនុស្សធម៌នេះ មិនមែនជាការទិញទឹកចិត្ត ឬឃោសនារកសម្លេងឆ្នោតឱ្យគណបក្សនយោបាយណាមួយឡើយ គឺជាការចុះសួរសុខទុក្ខ និងផ្តល់ជំនួយមនុស្សធម៌ ជូនបងប្អូនក្នុងនាមខ្មែរតែមួយ ព្រោះតែក្តីនឹករលឹករបស់លោកចំពោះបងប្អូនតែប៉ុណ្ណោះ៕