កណ្តាល៖ ប្រធានក្រុមការងារគណបក្សខ្មែរស្រឡាញ់ជាតិ ខេត្តកណ្តាល លោក សៀវ វិសុទ្ធ ជាថ្មីម្តងទៀត បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការគំរាមកំហែងគ្រប់រូបភាពរបស់អាជ្ញាធរមូលដ្ឋានខេត្តមួយនេះ មកលើបេក្ខជនឈរឈ្មោះរបស់ខ្លួន។
ការគំរាមកំហែងរបស់អាជ្ញាធរមូលដ្ឋាន ត្រូវបានគេមើលឃើញស្ទើរគ្រប់អាណត្តិ នៃការបោះឆ្នោត បើទោះបីជាមានការណែនាំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រមុខរដ្ឋាភិបាលក្តី តែអាជ្ញាធរមូលដ្ឋានហាក់មិនចាប់អារម្មណ៍ អនុវត្តតាមឡើយ សំខាន់អំណាចមូលដ្ឋានគឺជារបស់ពួកគេ ដែលការនេះ ធ្វើឱ្យគណបក្សនយោបាយនានា តែងសម្តែងក្តីបារម្ភចំពោះករណីមួយនេះ។
លោក សៀវ វិសុទ្ធ និងសកម្មជនមូលដ្ឋាន
ជាក់ស្តែង លោក សៀវ វិសុទ្ធ ក្នុងនាមប្រធានក្រុមការងារសម្របសម្រួល ខេត្តកណ្ដាល នៅថ្ងៃនេះ បានស្នើដោយចំហរជូនលោក សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មេត្តាចាត់វិធានការជាបន្ទាន់ចំពោះអាជ្ញាធរមូលដ្ឋាន ដែលតែងតែគំរាមកំហែងតាមរូបភាព មកលើបេក្ខជនឈរឈ្មោះបោះឆ្នោត គណបក្សខ្មែរស្រឡាញ់ជាតិ ខេត្តកណ្ដាល រហូតលាឈប់ពីបេក្ខជនឃុំមួយចំនួនដែលបានរៀបចំរួចរាល់ជាស្ថាពរទៅហើយនោះ។
លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
លោក គង់ សោភណ្ឌ អភិបាលខេត្តកណ្តាល
បើតាមលោក សៀវ វិសុទ្ធ បានឱ្យដឹងថា យោងតាមប្រកាស ស្ដីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខា ដោយលោក ស ខេង កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ដែលបានចុះបញ្ជីជាផ្លូវការឱ្យ គណបក្សខ្មែរស្រឡាញ់ជាតិ ធ្វើសកម្មភាពស្របតាមច្បាប់ ស្ដីពី គណបក្សនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និង លក្ខន្ដិកៈរបស់គណបក្ស ដែលបានតម្ដល់ទុកនៅក្រសួងមហាផ្ទៃ។
លោក សៀវ វិសុទ្ធ បន្ថែមទៀតថា គណបក្សខ្មែរស្រឡាញ់ជាតិ យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជំពូក៣ អំពីសិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ត្រង់មាត្រា ៣៤ ថ្មី បានចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត។ លោកថា បើយោងទៅតាមច្បាប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្តីពី ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ជំពូក១ បទប្បញ្ញត្តិទូទៅ មាត្រា១ ច្បាប់នេះមានគោលដៅកំណត់បែបបទ និងការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ច្បាប់នេះត្រូវអនុវត្តចំពោះឃុំ សង្កាត់ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងត្រង់មាត្រា២ ឃុំសង្កាត់នីមួយៗត្រូវមានក្រុមប្រឹក្សាមួយ ដែលត្រូវបានបោះឆ្នោតជ្រើសរើសឡើងដោយប្រជាពលរដ្ឋនៃឃុំសង្កាត់របស់ខ្លួនតាមការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ដោយស្មើភាព ដោយចំពោះ ដោយសម្ងាត់ ស្របទៅតាមនីតិវិធីដូចមានចែងក្នុងច្បាប់នេះ។
លោក សៀវ វិសុទ្ធ ប្រធានក្រុមការងារសម្របសម្រួល ខេត្តកណ្ដាល គណបក្សខ្មែរស្រឡាញ់ជាតិ
គួរជំរាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងប្រព្រឹត្តិទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ដែលមានគណបក្សនយោបាយចំនួន៤៥បានចុះបញ្ជីរនៅក្រសួងមហាផ្ទៃ និងត្រៀមខ្លួនសម្រាប់ការដាក់បេក្ខជនសម្រាប់ការបោះឆ្នោតខាងមុខនេះផងដែរ។យ៉ាងណា សម្រាប់អាជ្ញាធរមូលដ្ឋាន ជាទូទៅគេតែងសង្កេតឃើញថា តែងបង្ករការលំបាកតាមគ្រប់រូបភាពដល់គណបក្សផ្សេងក្នុងការលើកស្លាក ការជួបជុំ វេទិការ និងការដាក់បេក្ខជនសម្រាប់ការឈរឈ្មោះជាដើម ក្នុងការគំរាមកំហែង ដូចជាករណីខាងលើ ដែលត្រូវបានលោក សៀវ វិសុទ្ធ អគ្គហេរញ្ញិក និងជាប្រធានក្រុមការងារសម្របសម្រួល ខេត្តកណ្ដាល បានសម្តែងការព្រួយបារម្ភ ចំពោះការគំរាមកំហែងរបស់អាជ្ញាធរមូលដ្ឋាន មកលើបេក្ខជនរបស់ខ្លួនដែលបានរៀបចំបញ្ជីរឈ្មោះរួចរាល់ទៅហើយនោះ៕
សកម្មភាពលោក សៀវ វិសុទ្ធ និងក្រុមការងារនៅមូលដ្ឋាន