ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ តម្លៃប្រេងឥន្ទនៈ នៅក្នុងប្រទេសកម្ពុជា បានបន្តហក់ឡើងជាបន្តបន្ទាប់ដែលជាក្តីព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរ និងអ្នកនយោបាយផងដែរ។
ការព្រួយបារម្ភរបស់អ្នកនយោបាយ បានធ្វើឱ្យគណបក្ស ដែលកំពុងធ្វើសកម្មភាព និងស្វែងរកប្រជាប្រិយភាពពីការគាំទ្ររបស់ពលរដ្ឋម្ចាស់ឆ្នោតនៅមូលដ្ឋាន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នាពាក់កណ្តាលឆ្នាំ២០២២នេះ បានលើកឡើងថា ការឡើងថ្លៃប្រេងឥន្ទនៈ គឺជាផលប៉ះពាល់ថ្មីមួយទៀត ចំពោះជីវិភាពប្រជាពលរដ្ឋ ដែលកំពុងរងទុក្ខបាត់បង់ការងារ មុខរបរ និងប្រាក់ចំណូលធ្លាក់ចុះដោយសារវិបត្តិជំងឺកូវីដ១៩។
គណបក្សខ្មែរស្រឡាញ់ជាតិ ដែលហ៊ានរិះគន់បញ្ហានេះ បានលើកឡើងថា ខ្លួន មានការសោកស្តាយចំពោះការលើកឡើងរបស់តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងវេទិការសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២២ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដែលបានបញ្ជាក់ថា រដ្ឋាភិបាលមិនមានលទ្ធភាពបន្ថយពន្ធនាំចូលប្រេងឥន្ទនៈដើម្បីទម្លាក់តំលៃប្រេងសាំងបាននោះទេ ព្រោះបារម្ភពីការធ្លាក់ចុះចំណូលជាតិ។
ដូចគ្នានេះ គណបក្សខ្មែរស្រឡាញ់ជាតិ បានចាត់ទុកការលើកឡើងរបស់តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺផ្ទុយគ្នាទាំងស្រុងពីការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល និងអាជ្ញាធរពន្ធដារ និងពន្ធគយ ដែលតែងតែប្រកាសពីការកើនឡើងនៃចំណូលជាតិលើសផែនការកំណត់ជារៀងរាល់ឆ្នាំ។
ដោយមិនអាចឈរមើលការលំបាករបស់ពលរដ្ឋទៀតបាន គណបក្សខ្មែរស្រឡាញ់ជាតិ បានរិះគន់ចំៗថា ការមិនអន្តរាគមន៍ទប់ស្កាត់ចំពោះថ្លៃប្រេងឥន្ទនៈកើនឡើង គឺជាការខ្វះសមត្ថភាព និងខ្វះការទទួលខុសត្រូវរបស់រដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនិងទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។ ដោយគណបក្សខ្មែរឡាញ់ជាតិ ស្នើឱ្យរដ្ឋាភិបាលពិចារណាឡើងវិញ ចំពោះការកាត់បន្ថយពន្ធប្រេងឥន្ទនៈ ដោយបង្កើនពន្ធគ្រឿងស្រវឹង និង បារី ជាដើម ដែលមិនមែនជាទំនិញ នៃតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនោះ៕
#TNTV #TNHOTNEWS #CNLP #គណបក្សខ្មែរស្រឡាញ់ជាតិ #ប្រេងឥន្ទនៈ