ភ្នំពេញ៖ សម្ដេចតេជោ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោកស្រី ប៉ូលីន ថាំមីស៊ីស (Pauline Tamesis) ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំនៅកម្ពុជា បានជួបពិភាក្សាការងារ និងជម្រាបលា ក្រោយចប់បេសកកម្មការងារនៅកម្ពុជា ដែលជំនួបនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាព។
ក្នុងជំនួបនោះ លោកស្រី ប៉ូលីន ថាំមីស៊ីស បានជម្រាបជូនសម្តេចថា លោកស្រី ពិតជាមានកិត្តិយសណាស់ដែលបានមកបម្រើការងារជាអ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិរយៈពេលកន្លងមកនេះ។លោកស្រីបានធ្វើការវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូល្អ កិច្ចសហប្រតិបត្តិការល្អ ការប្ដេជ្ញាខ្ពស់ចំពោះពហុភាគីនិយម ការចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថេរភាពពិភពលោក និងការដឹកនាំប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលទាំងអស់នេះសុទ្ឋសឹងជាភាពជោគជ័យដែលជាគំរូមិនត្រឹមតែសម្រាប់ប្រទេសនានាទេ ប៉ុន្តែជាបទពិសោធន៍ដែលអាចយកទៅប្រើប្រាស់បាននាពេលអនាគត។
លោកស្រី ប៉ូលីន ថាំមីស៊ីស បន្តថា ប្រព័ន្ធអង្គការសហប្រជាជាតិ ប្ដេជ្ញាចិត្តបន្តគាំទ្រកម្ពុជា តាមរយៈវិស័យដែលមានសក្តានុពល ដូចជាទី១ វិនិយោគលើវិស័យធនធានមនុស្ស.ទី២ ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល និងទី៣ ការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចបៃតង។
ជាការឆ្លើយតប សម្ដេចតេជោ បានយល់ស្របចំពោះការលើកឡើងរបស់លោកស្រី ប៉ូលីន ថាំមីស៊ីស ដោយសម្ដេច បានថ្លែងអំណរគុណចំពោះលោកស្រី ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ជាពិសេសថ្មីៗនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ក្នុងនោះសម្ដេចក៏បានលើកឡើង អំពីការចូលរួមរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងការទទួលឱ្យចូលចតនូវនាវា Wasterdam ដែលពេលនោះប្រសិនបើកម្ពុជាមិនអនុញ្ញាតឱ្យចូលចតនោះទេ មិនដឹងជាវាសនាអ្នកធ្វើដំណើរនៅលើនាវានោះទៅជាយ៉ាងណានោះទេ។ សម្ដេចក៏បាន ជម្រាបជូនលោកស្រី ប៉ូលីន នូវយុទ្ធសាស្ត្រផ្ការីកដែលបានប្រើសម្រាប់ប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ជាមួយការបន្តយកចិត្តទុកដាក់លើកិច្ចគាំពារសង្គម និងវិស័យសុខាភិបាល៕
#TNTV #TNTVONLINE #TNHOTNEWS #PaulineTamesis #COVID19 #នាវាWasterdam #UNHCR #UN