ព្រៃវែង៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ ដ៏មានប្រជាប្រិយភាព និងមានការទទួលស្គាល់ជាអន្តរជាតិ លោក កឹម សុខា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងអ្នកគាំទ្រនៅខេត្តព្រៃវែង។
ដោយក្តីនឹករលឹក បងប្អូនប្រជាពលរដ្ឋ បានអញ្ជើញមកជួបលោក កឹម សុខា ដោយទឹកមុខរីករាយ ព្រោះតែរយៈពេលជាច្រើនខែមកហើយ ដែលពួកគាត់មិនបានជួប និងបានឮប្រសាសន៍របស់លោក កឹម សុខា ដោយផ្ទាល់ ព្រោះតែការចោទប្រកាន់យ៉ាងអយុត្តិធម៌ មកលើរូបលោកតាមផ្លូវតុលាការ ខណៈសវនាការក៏ អូសបន្លាយកាន់តែយឺតយូរជាងស្ករកៅស៊ូទៅទៀតនោះ។
ការអញ្ជើញជួបរបស់លោក កឹម សុខា ជាមួយបងប្អូនប្រជាពលរដ្ឋនៅខេត្តព្រៃវែង ដើម្បីសម្តែងនូវក្តីនឹករលឹក និងអរគុណចំពោះការបន្តគាំទ្រ និងមានទំនុកចិត្ត គោលជំហរ ភាពជឿជាក់មកលើរូបលោក ពិសេស ការជូនពរឆ្នាំថ្មី ដែលនិងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ។
លោក កឹម សុខា មានប្រសាសន៍ក្នុងជំនួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ខេត្តព្រៃវែង ថា រូបលោកមិនក្បត់បងប្អូន មិនរត់ចោលពលរដ្ឋអ្នកគាំទ្រជាងកន្លះនគរឡើយ ហើយរឹតតែមិនអាចធ្វើទៅរួចទៀតនោះ គឺបង្កើតព្រឹត្តិការណ៍ រុញពលរដ្ឋឱ្យជាប់គុកជំនួសខ្លួន ដោយលោកស៊ូជាប់គុក មិនឱ្យពលរដ្ឋជាប់គុកជំនួសជាដាច់ខាត។
មិនតែប៉ុណ្ណោះលោក កឹម សុខា បន្ថែមទៀតថា អ្វីណាទាំងអស់ ដែលលោកបាននិងកំពុងធ្វើនេះ សូមកុំមានការយល់ច្រឡំ ដោយការជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ គឺដើម្បីសម្តែងក្តីនឹករលឹក មិនមែនមកគៀងគរ បំផុសបំផុលពលរដ្ឋឱ្យបោះឆ្នោតគាំទ្រគណបក្សនយោបាយណាមួយឡើយ។ លោក កឹម សុខា បន្តថា ដូចគ្នានេះ លោកក៏មិនបានធ្វើសកម្មភាពនយោបាយដូចគ្នា តែមិនមែនមានន័យថា លោកនិងមិនធ្វើនយោបាយជារៀងរហូតនោះដែរ។
ត្រង់ចំណុចនេះ បើទោះបីជាលោក កឹម សុខា មិននិយាយ ក៏វាជាសារមួយបង្ហាញថា ក្រោយរូបលោកមានសេរីភាពឡើងវិញ ច្បាស់ណាស់ លោកនិងបន្តជីវិតនយោបាយជាថ្មី ដែលពេលនោះហើយ វីរៈភាពនៃការលះបង់ ការតស៊ូដោយអហិង្សា របស់លោក កឹម សុខា និងឆក់យកបេះដូងប្រជាពលរដ្ឋគ្រប់ទីកន្លែង៕
#TNTV #TNTVONLINE #TNHOTNEWS #KEMSOKHA #Democracy #កឹមសុខា #ប្រជាធិបតេយ្យ #ព្រៃវែង #អ្នកប្រជាធិបតេយ្យ #កឹមសុខានិយម #អ្នកនយោបាយប្រឆាំង