លោក កឹម សុខា ផ្ញើសារជូនពរឆ្នាំថ្មី សូមឱ្យកម្ពុជាទទួលបាននូវ ឯករាជ្យភាព អធិបតេយ្យភាព វឌ្ឍនភាព និងកិត្យានុភាពជាតិ

0
404

ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦នេះ អតីត​ប្រ​ធាន​​គណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានផ្ញើសារជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិ សូមទទួលបាន ឯករាជ្យភាព អធិបតេយ្យភាព វឌ្ឍនភាព និងកិត្យានុភាពជាតិ។

មិនតែប៉ុណ្ណោះលោកក៏សូមផ្ញើនូវសេចក្តីនឹករលឹក គោរព ស្រឡាញ់ រាប់អានចំពោះប្រជាពល​រដ្ឋ​ខ្មែរ​ក្មេងចាស់ ប្រុសស្រី ដែលរស់នៅក្នុង និងក្រៅប្រទេសទាំងអស់ ដោយមនោសញ្ចេតនា ភាតរភាពជាបង​ប្អូន​ជនរួមជាតិខ្មែរតែមួយ។

លោក កឹម សុខា ក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ បារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងទេវតាឆ្នាំថ្មីព្រះនាម កិរិណីទេវី សូមជួយប្រោសប្រទាន ប្រោះ​ព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ថ្វាយ ប្រគេន និងជូនជនរួមជាតិ​ខ្មែរ​ទាំង​អស់ សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈនិងពលៈកុំបីឃ្លៀងឃ្លាតឡើយ។

លោក កឹម​ សុខា ក៏សូមឱ្យប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់លើជោគវាសនាអនាគតខ្លួន មានឱកាស​ក្នុង​ការ​រស់នៅដោយសុខដុមរមនា មានសិទ្ធិសេរីភាព និងទទួលបាន នូវផលប្រយោជន៍ សេដ្ឋកិច្ច សង្គមកិច្ច វប្ប​ធម៌​និងនយោបាយ ប្រកបដោយសមធម៌ និងយុត្តិធម៌ ដែលជាគ្រឹះនៃសន្តិភាពដ៏រឹងមាំ។

មិនតែប៉ុណ្ណោះ លោក កឹម សុខា ក៏សូមឱ្យឆ្នាំថ្មីនេះ ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ចាកផុត​ពី​គ្រោះ​ធម្មជាតិ ជំងឺរាតត្បាតទាំងឡាយ ជាពិសេសសូមឱ្យចៀសផុតពីគ្រោះថ្នាក់នៃជម្លោះ ក្នុងពិភពលោក ក្នុង​តំបន់ ក៏ដូចជាក្នុងប្រទេសកម្ពុជាផងដែរ មិនតែប៉ុន្តែលោក ក៏សូមឱ្យឆ្នាំថ្មីនេះ នាំមកនូវស្មារតីពង្រីកមិត្ត បន្ថយសត្រូវ ជាពិសេស ស្មារតីពង្រឹង និងពង្រីកសាមគ្គីភាពជាតិខ្មែរ ដែលជាកត្តាជួយទប់ស្កាត់​នូវគ្រោះ​ថ្នាក់ទាំងនោះផងដែរ៕

#TNTV #TNTVONLINE #TNHOTNEWS #KEMSOKHA #KHMERHAPPYNEWYEAR #កឹមសុខា #សួស្តីឆ្នាំថ្មី #ឆ្នាំខាល