ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដ៏មានឥទ្ធិពល លោក ស៊ិនហ្សូ អាបេ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារចំបេះដូង បណ្តាលឱ្យស្លាប់កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ក្រោយប៉ុន្មានម៉ោងនៃអំពើឃាតកម្មដ៏ឃោរឃៅនេះ។
មរណៈភាពរបស់លោក ស៊ិនហ្សូ អាបេ មិនត្រឹមតែជាការបាត់បង់ សោកស្តាយ រន្ធត់ តក់ស្លុត និងអាឡោះអាល័យសម្រាប់ប្រជាពលរដ្ឋជប៉ុនប៉ុណ្ណោះ តែសម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក រួមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរដែលសោកស្តាយលោក ស៊ិនហ្សូ អាបេ។
ស៊ិនហ្សូ អាបេ គឺជាមេដឹកនាំជប៉ុនមួយរូប ដែលបានប្រឹងប្រែងយ៉ាងខ្លាំងដល់ការជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា រហូតក្លាយជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣ ហើយលោក អាបេ ក៏បានជំរុញនូវការផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជាផងដែរ។
ក្រោយមរណៈភាព លោក ស៊ិនហ្សូ អាបេ ក្នុងចំណងមិត្តភាព កម្ពុជា ជប៉ុន នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ លោក កឹម សុខា បានដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស៊ិនហ្សូ អាបេ ព្រមទាំងប្រគល់សាររំលែកទុក្ខចំពោះក្រុមគ្រួសារសព និងប្រជាពលរដ្ឋជប៉ុន និងបានសរសេរចុះក្នុងសៀវភៅកំណត់ត្រារំលែកទុក្ខ នៅស្ថានទូតជប៉ុនក្នុងរាជធានីភ្នំពេញផងដែរ។
ក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព លោក ស៊ិនហ្សូ អាបេ លោក កឹម សុខា បានលើកឡើងថា ជាការកត់សំគាល់ក្រៅពីសកម្មភាពបម្រើប្រជាពលរដ្ឋជប៉ុន និងជួយដល់ពិភព លោក ស៊ិនហ្សូ អាបេ បានទទួលមរណៈភាពក្នុងសកម្មភាពប្រជាធិបតេយ្យ ដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល និងសោកស្តាយរូបលោកយ៉ាងខ្លាំង។
សូមរំលឹកថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ ត្រូវបានឃាតករបាញ់ប្រហារ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ខណៈរូបលោកឈរថ្លែងសុន្ទរកថា នៅក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។ ភ្លាមៗក្រោយការបាញ់ប្រហារ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ និងដកអាវុធចេញពីខ្លួនរបស់គេផងដែរ ដែលឃាតករបានបាញ់ប្រហារ លោក ស៊ិនហ្សូ អាបេ ឈ្មោះ តេស៊ូយ៉ា យ៉ាម៉ាហ្កាមី អាយុ៤១ឆ្នាំ៕