ថ្នាក់ដឹកនាំ សកម្មជន គណបក្សខ្មែរស្រឡាញ់ជាតិ ប្រតិកម្ម និងច្រានចោល ចំពោះការប្រកាសរំលាយគណបក្ស ដែលផ្ទុយពី លក្ខន្តិកៈគណបក្សទាំងស្រុង

0
1491

ភ្នំពេញ៖ វាពិតជារឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុត ដែលនៅសុខៗប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ប្រកាសពីការរំលាយគណបក្សយ៉ាងតក់ក្រហល់ ដោយគ្មានហេតុផលត្រឹមត្រូវនិងជាទម្ងន់សម្រាប់ការរំលាយគណបក្សរបស់ខ្លួនដោយឯកឯងនោះឡើយ។

ការប្រកាសរំលាយគណបក្សខ្មែរស្រឡាញ់ជាតិ ដោយឯកឯង កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ម្សិលម៉ិញនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងវិថីនយោបាយ និងសង្គមស៊ីវិល ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសផងដែរ ពិសេសថ្នាក់ដឹកនាំ សកម្មជនគណបក្សខ្លួនឯង ដោយមិនដឹងរឿងអ្វីទាំងអស់ ស្ងាត់ថ្នាក់ដឹកនាំរបស់ខ្លួនដែលជាក្បាលម៉ាស៊ីនគណបក្សប្រកាសរំលាយ និងអំពាវនាវឱ្យសកម្មជនរបស់ខ្លួនចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចថែមទៀត។

ភ្លាមៗ អគ្គហិរញ្ញិកគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ សុត បានធ្វើការប្រកាសបដិសេធ និងទាត់ចោលការប្រកាសរំលាយគណបក្សពីប្រធានគណបក្ស ដោយយោងការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សទាំង៩រូប ដែលលោកថា លោកមិនបានដឹងនិងមិនបានចូលរួមរំលាយគណបក្សឡើយ ដោយរូបលោក និងសកម្មជនថ្នាក់ដឹកនាំគណបក្សផ្សេងទៀត នៅតែបន្តសកម្មភាពគណបក្សដើម្បីបន្តស្មារតីសង្គ្រោះជាតិ។

ទិដ្ឋភាពថ្ងៃសមាជគណបក្សខ្មែរស្រឡាញ់ជាតិកន្លងមក

ដូចគ្នានេះ តំណាងគណបក្សនៅតាមបណ្តាខេត្ត និងរាជធានី បានចេញសេចក្តីថ្លែងការណ៍ និងបដិសេធចំពោះការរំលាយគណបក្សខ្មែរស្រឡាញ់ជាតិ ដូចគ្នា និងព្រមគ្នាក្នុងខ្លឹមថា យោងលក្ខន្តិកៈគណបក្សខ្មែរស្រឡាញ់ជាតិដែលបានដាក់តំកល់នូវក្រសួងមហាផ្ទៃ,យោងច្បាប់ស្តីពីគណបក្សនយោបាយ ដែលសមាជិកសភាបានអនុមត្តិ និង យោងអង្គសមាជពេញអង្គគណបក្សខ្មែរស្រឡាញ់ជាតិ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាលរបស់គណបក្ស ព្រមទាំងយោងបទសម្ភាសន៍ផ្ទាល់របស់លោកសៀវ វិសុទ្ធ អគ្គហិរញ្ញិក និងជាសហស្ថា​ប​និកបក្ស និងជាគណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សខ្មែរស្រឡាញ់ជាតិ គ្មានការរំលាយ ឬលុបចោលដោយបុគ្គលណាមួយបានទេ។

សេក្តីថ្លែងការណ៍តំណាងគណបក្សបន្តថា ដូចនេះ គណបក្សខ្មែរស្រឡាញ់ជាតិ នៅតែជាគណបក្សស្របច្បាប់ដដែល និងគ្មានអ្វីកែប្រែ ឬធ្វើឱ្យខូចរចនាសម្ព័ន្ធគណបក្សបានឡើយ។ ដោយសូមឱ្យអ្នកគាំទ្រ សមាជិកសមា​ជិការ សកម្មជន សកម្មនារីតាមបណ្តាខេត្ត  ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់នានា បន្តបេសកកម្មនិងអនុវត្តតាមគោលការណ៍ និងបទបញ្ជាផ្ទៃក្នុងរបស់បក្សឱ្យបានខ្ជាប់ខ្ជួន ។

ដោយក្នុងនោះ គេក៏សង្កេតឃើញថ្នាក់ដឹកនាំ សកម្មជនគណបក្សភ្លើងទៀន តាមមូលដ្ឋានមួយចំនួន ភ្លាមៗក៏បានធ្វើការអំពាវនាវឱ្យសកកម្មជន និងថ្នាក់ដឹកនាំនៃគណបក្សខ្មែរស្រឡាញ់ជាតិ ចូលរួមរស់ជាមួយខ្លួនផងដែរ ដែលពួកគេរងចាំស្វាគមន៍ជានិច្ច។

ទិដ្ឋភាពថ្ងៃសមាជគណបក្សខ្មែរស្រឡាញ់ជាតិ កាលពីពេលកន្លងទៅ

បើយោង លក្ខន្តិកៈ គណបក្សខ្មែរស្រឡាញ់ជាតិ ជំពូកទី៧ ស្តីពី ការធ្វើវិសោធនកម្មលក្ខន្តិកៈ និងការរំលាយគណបក្ស ប្រការ៤៤ បានលើកឡើងថា សមាជជាតិ គឺជាយន្តការតែមួយគត់ដែលមានសមត្ថកិច្ចធ្វើវិសោធនកម្មលក្ខន្តិកៈ ឬរំលាយគណបក្ស។ ការកោះប្រជុំសមាជជាតិ ក្នុងគោលបំណងធ្វើវិសោធនកម្មលក្ខន្តិកៈ ឬរំលាយគណបក្សត្រូវមានការយល់ព្រមដោយសម្លេងភាគច្រើន (២/៣) នៃសមាជិកគណៈអចិន្ត្រៃយ៍ទាំងមូល៕

លោក ជីវ កត្តា ប្រធានគណបក្សដែលប្រកាសរំលាយបក្ស