ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាឱកាសដែលលោក កឹម សុខា បានជួបមិត្តបរទេសទាំងនោះ នៃប្រទេសប្រជាធិបតេយ្យ

0
426

ភ្នំពេញ៖ ក្រោយបិទបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការបទេសអាស៊ាន នៅកម្ពុជា មិត្តបរទេស នៃប្រទេសប្រជាធិបតេយ្យ បានបន្តជួបសំណេះសំណាល ជាមួយលោក កឹម​ សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏៏ធំជាងគេនៅកម្ពុជា ព្រមទាំងការចង់ដឹងពីដំណើរការក្តីរបស់លោកនៅតុលាការផងដែរ។

ដូចគ្នានេះ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ លោក កឹម សុខា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Antony BLINKEN រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកដោយផ្ទាល់។ ក្នុងនោះលោក កឹម សុខា បានថ្លែងអំណរគុណចំពោះ រដ្ឋមន្ត្រី និងគណ:ប្រតិភូសហរដ្ឋអាមេរិក ដែលបានផ្តល់ឱកាស និងកិត្តិយសដល់រូបលោក ខណៈអញ្ជើញមកបំពេញទស្សនៈកិច្ចផ្លូវការនៅទីក្រុងភ្នំពេញ បើទោះបីមានកិច្ចការពិភពលោក តំបន់ និងបញ្ហាក្តៅគគុកជាច្រើនយ៉ាងមមារញឹកក៏ដោយ។

លោក កឹម សុខា ជួបជាមួយលោក Antony BLINKEN រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក

បន្ទាប់មក នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ លោក កឹម សុខា បានជួបជាមួយលោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេស អូស្ត្រាលី។ លោក កឹម សុខា ថ្លែងថា ពិតមែនតែលោកស្រី Penny Wong ជារដ្ឋមន្ត្រីការបរទេសថ្មី ក៏ប៉ុន្តែលោកស្រី តែងតែមានការចាប់អារម្មណ៍ និងផ្តល់តម្លៃចំពោះការលើកស្ទួយ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់ ក៏ដូចជានៅកម្ពុជា។ ជាក់ស្តែងនៅពេលនេះ ទោះបីជាកម្មវិធីមមារញឹកចង្អៀត ក៏លោកស្រីរដ្ឋមន្រ្តី បានផ្តល់កិត្តិយសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរូបលោកផងដែរ។

លោក កឹម សុខា ក្នុងជំនួយជាមួយលោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេស អូស្ត្រាលី

នាល្ងាចថ្ងៃដដែល លោក កឹម សុខា ក៏បានបន្តជួបពិភាក្សាការងារជាមួយ លោក KANO Takehiro អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ាន និងអាស៊ីបូព៌ា និងជាឧបការីរដ្ឋមន្រ្តីការបរទេសជប៉ុន នៅក្នុងស្ថានទូតជប៉ុន នារាជធានីភ្នំពេញផងដែរ។

លោក កឹម សុខា ថា លោក KANO ត្រូវបាន លោករដ្ឋមន្រ្តីការបរទេសជប៉ុន ចាត់តាំងឱ្យមកជួបរូបលោក ព្រោះលោករដ្ឋមន្ត្រីមានភារកិច្ចមមាញឹក ហើយត្រូវវិលត្រឡប់ទៅប្រទេសជប៉ុនវិញនោះ បានបញ្ជាក់ថា ជប៉ុនគឺជាមិត្តរបស់កម្ពុជា ជប៉ុនប្រកាន់យកនូវគោលការណ៍ប្រជាធិបតេយ្យជាគុណតម្លៃក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ខ្លួន ជាពិសេសជប៉ុនផ្តោតយកចិត្តទុកដាក់ខ្ពស់ចង់ឃើញកម្ពុជាមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលបើកទូលាយឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប មានជម្រើសគណបក្សនយោបាយ ឬ អ្នកដឹក​នាំ​ដែលខ្លួនចង់ជ្រើសរើស និងស្របតាមឆន្ទ:។

លោក KANO Takehiro អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ាន និងអាស៊ីបូព៌ា និងជាឧបការីរដ្ឋមន្រ្តីការបរទេសជប៉ុន

ចំណែកនៅដើមសប្តាហ៍នេះ នាពេលរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ លោកស្រី Kjersti Rodsmoen ឯកអគ្គរាជទូតន័រវ៉េ ប្រចាំកម្ពុជានិងថៃ ដែលមានស្ថានទូតនៅទីក្រុងបាងកក ក៏បានអញ្ជើញមកជម្រាប​លា និងពិភា​ក្សា​ការងារជាមួយលោក កឹម សុខា នៅគេហដ្ឋានរបស់លោកក្នុងទីក្រុងភ្នំពេញ ខណៈដែលលោកស្រីឯកអគ្គរាជទូត ត្រូវចប់អាណត្តិទៅបំពេញភារកិច្ចថ្មី។

លោក កឹម សុខា បន្តថា ក្នុងជំនួបនោះ លោកស្រីឯកអគ្គរាជទូត ក៏បានមានប្រសាសន៍ថា ឯកអគ្គរាជទូតថ្មីដែលត្រូវបន្តរភារកិច្ចពីលោកស្រី នឹងបន្តទំនាក់ទំនងល្អជាមួយរូបលោក ព្រមទាំងតាមដានសវនាការ និងសិទ្ធិសេរីភាពរបស់លោកផងដែរ។

លោក កឹម សុខា ជួបលោកស្រី Kjersti Rodsmoen ឯកអគ្គរាជទូតន័រវ៉េ ប្រចាំកម្ពុជានិងថៃ

ដូចគ្នានេះ លោក កឹម សុខា នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់លោកថា ក្រៅពីជំនួបជាមួយថ្នាក់ដឹកនាំនៃប្រទេសដែលប្រកាន់យកនូវគុណតម្លៃប្រជាធិបតេយ្យមួយចំនួនមកពីទ្វីប អាមេរិក អាស៊ី និងអូសេអានី ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំផ្សេងទៀតដែលពាកព័ន្ធ នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២រូបលោក មានសេចក្តីសោមនស្សរីករាយ និងជាកិត្តិយស ដែលបានជួបសម្តែងការគួរសម និងពិភាក្សាការងារជា​មួយលោក Josep Borrell Fontelles តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេស និងគោលនយោ​បាយសន្តិសុខ និងជាអនុប្រធានសហភាពអឺរ៉ុប។

លោក កឹម សុខា បន្តថា ទោះបីអ្នកតំណាងជាន់ខ្ពស់សភាពអឺរ៉ុប និងគណ:ប្រតិភូ ដែលបានអញ្ជើញមកធ្វើទស្សនៈកិច្ចនៅកម្ពុជាមានរយៈពេលខ្លី និងមានកិច្ចការជាច្រើនត្រូវធ្វើ ក៏អ្នកតំណាងនិងគណ:ប្រតិភូ បានកំណត់ក្នុងរបៀបវារៈចំណាយពេលវេលាសមរម្យជួបជាមួយលោកផ្ទាល់ ដោយបានបញ្ជាក់ពីគោលជំហរច្បាស់លាស់របស់សភាពអឺរ៉ុបចំពោះកម្ពុជា និងបានផ្តល់តម្លៃខ្ពស់ចំពោះការតស៊ូដោយអហិង្សា ការអត់ធ្មត់ និងជាពិសេសផ្តោតលើសិទ្ធិសេរីភាពរបស់លោកក្នុងការចូលរួមបម្រើសង្គមជាតិ។

លោក Josep Borrell Fontelles តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេស និងគោលនយោ​បាយសន្តិសុខ និងជាអនុប្រធានសហភាពអឺរ៉ុប

លោក កឹម សុខា នៅតែជាមេដឹកនាំកំពូល ស្ថិតក្នុងក្រសែភ្នែករបស់មិត្តអន្តរជាតិ ចំពោះសវនាការដ៏យូរអន្លាយ នៃការបិទខ្ទប់សេរីភាពរបស់លោកក្នុងការបន្តដំណើរជីវិតនយោបាយ ខណៈការបោះឆ្នោតជាតិ អាណត្តិទី៧ ក៏កាន់តែខិតជិតចូលមកដល់ផងនោះ ដែលទាំងមិត្តអន្តរជាតិ ពិសេសពលរដ្ឋខ្មែរ គឺចង់ឃើញលោក កឹម សុខា មានសេរីភាព ដើម្បីចូលរួមការប្រគួតប្រជែងការបោះឆ្នោតជាតិ នៅឆ្នាំ២០២៣ខាងមុខនេះ៕