ព្រះវិហារ៖ អភិបាលថ្មី នៃខេត្តព្រះវិហារ និងជាកូនប្រុសលោកនាយឧត្តមសេនីយ៍ គន់ គីម គឺ លោក គីម ឬទ្ធី រយៈពេល២ថ្ងៃជាប់គ្នា បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញធ្វើពិធីបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើន ក្រោយចូលកាន់តំណែងថ្មីៗ។
ក្នុងនោះ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ លោក គីម ឬទ្ធី និងភរិយា បានដឹកនាំមន្រ្តីក្រោមឱវាទ នាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅ វត្តកែវសិក្ខាគិរីស្វារៈ លើខ្នងភ្នំប្រាសាទព្រះវិហារ និងបន្តដំណើរអុជធូប ថ្វាយគ្រឿងសក្ការៈ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារនៅចំណុចពើយលោកតាឌី ប្រាសាទព្រះវិហារ នៃស្រុកជាំក្សាន្ត ខេត្ដព្រះវិហារ។
លុះដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ លោក គីម រិទ្ធី ដែលជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារថ្មី និងភរិយា ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញឡើងភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ និងធ្វើពិធីបួងសួងវត្ថុស័ក្តិសិទ្ធក្នុងលោក ពិសេសបារមីព្រះអង្គខ្មៅថ្មបីដុំ សុំសេចក្តីសុខសេចក្តីចម្រើន ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារទាំងមូល នៅលើភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ ផងដែរ៕