ភ្នំពេញ៖ ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ដែលជាការផលិតដោយសមាគមសិល្បករខ្មែរ ដឹកនាំរឿងដោយ លោក ហ្វៃ សំអាង ត្រូវបានបើកសម្ភោធនៅសាលសន្និបាតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
«ជីវិតក្មេងវត្ត» ជាភាពយន្តចម្រៀង ស្តីពី ជីវិតពិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរជីវិតរបស់សម្តេចពោរពេញទៅដោយការតស៊ូ ព្យាយាមអំណត់អត់ធន និងការខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គដើម្បីក្រេបយកចំណេះវិជ្ជា។
ក្នុងឱកាស បើកសម្ភោធ ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ អ្នកឧញ៉ា លោកឧកញ៉ា លោក លោកស្រី សិល្បករ សិល្បការិនី មន្រ្ដីរាជការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សរុបប្រមាណ ២,០០០នាក់ផងដែរ។
ឆ្លៀតឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនលោក ហ្វៃ សំអាង និងបានប្រគល់បណ្ណ័សរសើរជូនដល់សិល្បករសិល្បការិនី ព្រមទាំងក្រុមការងារដែលបានចូលរួមផលិតភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ផងដែរ៕