ភ្នំពេញ៖ បង្រៀនប្អូនភា អោយចេះចិញ្ចឹមត្រី ដើម្បីជួយប្រជាពលរដ្ឋ កុំអោយខ្វះខាតអាហារទទួលទាន។ នេះជាសាររបស់ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្តេចេជោ ប្រមុខរដ្ឋាភិបាល ដែលជានិច្ចជាកាល ឯកឧត្តម តែងតែជួយទំនុកបម្រុងដល់សហគមន៍ លឹម ភា ជានិច្ច តាមរយៈការជំនួយរបស់សម្តេចតេជោ និងការគៀងគរសប្បុរសជន បរិច្ចាកជំនួយជាស្បៀង ព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗ រួមទាំងសាលារៀនផង ដល់សហគមន៍ ជនពិការបេះដូងសម្បុរសធម៌រូបនេះ។
ឯកឧត្តម ដួង តារា បន្តថា លឹម ភា គឺជាជនពិការដែលមានការខិតខំប្រឹងប្រែងព្យាយាមឆ្ពោះទៅមុខជានិច្ច។ យល់ច្បាស់ពីឱកាស លោក លឹម ភា ខិតខំប្រឹងរត់ធ្វើការដោយមិនចេះត្អូញត្អែរ ឬខ្ជិលច្រអូសឡើយ។ ទោះបីពិការដៃទាំងពីរ និងភ្នែកមួយចំហៀងក៏ពិតមែន ប៉ុន្តលោក លឹម ភា អាចធ្វើអ្វីៗបានល្អប្រសើរជាងអ្នកដែលមានកាយសម្បទារល្អមួយចំនួនទៀតផង។
ឯកឧត្តម ដួង តារា រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា កន្លងទៅ យើងបានយកត្រីទៅជួយគាត់ និងអោយបងប្អូនជាច្រើនរយគ្រួសារទទួលទាន។ ប៉ុន្តែពេលនេះ ឯកឧត្តម កំពុងបង្រៀន លោក លឹម ភា អោយចេះចិញ្ចឹមត្រី ធ្វើសួនបន្លែ និងដាំដំណាំផ្សេងៗដើម្បីជាម្ហូបអាហារទាំងសម្រាប់ខ្លួនលោកផង និងសហគមន៍ជាង៥០០គ្រួសារនៅទីនោះផង។ ក្នុងន័យនេះ ឯកឧត្តម ដួង តារា ចង់បញ្ជាក់ប្រាប់ថា សាលារៀន១ខ្នងបានបង្កើតរួចហើយ កំពុងដំណើរការ ជាបន្តបន្ទាប់នឹងមានស្រះត្រី សួនបន្លែ មណ្ឌលសុខភាព កន្លែងសម្ងួតដំឡូងមី ស្វាយចន្ទី ម៉ាស៊ីនកិនស្រូវ ឃ្លាំងអង្ករ និងកូនផ្សារសហគមន៍ជាដើម។
ឯកឧត្តម ដួង តារា បន្ថែមទៀតថា ក្នុងនោះ ឯកឧត្តមក៏កំពុងទាក់ទងជាមួយបងប្អូនទាំងជនជាតិខ្មែរនិងបរទេសដែលមានថវិកា និងបេះដូងមនុស្សធម៌ ដើម្បីបង្កើតសិប្បកម្មផលិតចំណីផ្លែឈើមួយចំនួននៅទីនេះផងដែរ។ ឯកឧត្តម សង្ឃឹមថា បងប្អូននឹងចូលរួម ដើម្បីអភិវឌ្ឍសហគមន៍នៅទីនេះអោយមានអាហារទទួលទាន និងមានការងារធ្វើ។
ជាមួយគ្នានោះ ឯកឧត្តម ដួង តារា ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលបានមើលថែ និងផ្តល់ភាពកក់ក្តៅដល់លោក លឹម ភា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋជាង៥០០គ្រួសាររបស់គណបក្សប្រជាជនកម្ពុជា នៅទីនោះ រស់នៅបានសុខសប្បាយមកទល់សព្វថ្ងៃ និងអរគុណដែលបានជួយសម្រួលដល់បងប្អូនបានចុះឈ្មោះបោះឆ្នោតសម្រាប់បម្រើឱ្យការបោះឆ្នាំ២០២៣ខាងមុខ ដែលមកទល់នឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានចំនួន៧៣០នាក់ហើយ បានចុះឈ្មោះរួចរាល់ ក្នុងសហគមន៍ដែលទើបបង្កើតការិយាល័យថ្មី។
សូមជម្រាបផងដែរថា លោក លឹម ភា គឺជាសប្បុរសជន ពិការបេះដូងមនុស្សធម៌ ដែលបានពុះចែកដីជូនបងប្អូនប្រជាពលរដ្ឋ ក្រីក្រពីតំបន់ផ្សេងៗ ដើម្បីបានលំនៅដ្ឋានរស់នៅសមរម្យ ក្នុងសហគមន៍របស់លោក ស្ថិតនៅភូមិដីថ្មីសន្តិភាព ចំណុះភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលរហូតមកដល់ថ្ងៃនេះ មានពលរដ្ឋ៥០០គ្រួសារហើយ ដែលបានមកទទួល និងកំពុងរស់នៅក្នុងសហគមន៍ យ៉ាងសុខសានបំផុតក្រោមម្លប់សន្តិភាព៕