ព្រះមហាក្សត្រ អំពាវនាវអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងជនរួមជាតិទាំងអស់ ចូលរួមថែរក្សាបរិស្ថានឱ្យបានល្អស្អាត និងបៃតង

0
1266

ភ្នំពេញ៖ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅព្រឹកថ្ងៃទី១៤ កុម្ភៈឆ្នាំ២០២៤នេះ ស្តេចយាងជា​ព្រះរាជាធិបតីភាព​ដ៏ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​សួរសុខទុក្ខ​ ប្រោស​ព្រះរាជទាន​ ព្រះរាជ​អំណោយ​ដល់​កម្មករ​ កម្មការិនី​ប្រមូល​សំរាម​ និង​សម្អាត​ទីក្រុង​ ចំនួនជាង២,០០០នាក់ ដើម្បីអបអរ​សារទរ​ទិវាជាតិទីក្រុង​ស្អាត​ ។

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុងឱកាសនោះ ទ្រង់មានព្រះរាជបន្ទូល កោតសរសើរចំពោះអភិបាលរាជធានីភ្នំពេញ ដែលបានដឹកនាំរាជធានីភ្នំពេញ អោយក្លាយជាទីក្រុងស្អាត មានសោភណ្ឌភាពទាក់ទាញ និងលើកកំពស់ជីវីភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ព្រះអង្គស្តេចមានព្រះរាជបន្ទូលថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម និងប៉ិនប្រសព្វរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រតិបត្តិតាមមាគារ ដ៏ល្អប្រពៃនិងមរតកនយោបាយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាល បានដឹកនាំសង្គមជាតិទាំងនៅទីក្រុង ក៏ដូចជានៅជនបទ ទទួលបាននូវសេចក្តីសុខ សន្តិភាពនិងការអភិវឌ្ឍរីកចំរើន លូតលាស់លើគ្រប់វិស័យ។

ព្រះអង្គបានមានព្រះរាជបន្ទូលបន្តថា អភិបាលរាជធានីភ្នំពេញ បានចូលរួមចំណែកដឹកនាំកែលំអរ សោភ័ណភាព និងអភិវឌ្ឍន៍ទីក្រុងភ្នំពេញឱ្យមានភាពស្រស់បំព្រងល្អស្អាត ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។ ព្រះអង្គ បានកោតសរសើរ និងអរគុណកម្មករ កម្មការរិនីទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមថែរក្សាបរិស្ថាននិងសំអាតទីក្រុងភ្នំពេញអោយមានអនាម័យល្អស្អាតនិងមានសោភណ្ឌភាពល្អ។

ឆ្លៀតក្នុងឱកាសនោះ ព្រះអង្គ បានអំពាវនាវគ្រប់ក្រសួងស្ថាប័ន រាជធានី ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ និងជនរួមជាតិទាំងអស់ សូមចូលរួមឱ្យបានផុលផុសប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាបរិស្ថានឱ្យបានល្អស្អាត និងបៃតង ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព និងភាពទាក់ទាញខ្ពស់ សម្រាប់ទេសចរណ៍ជាតិនិងអន្តរជាតិ ពិសេសការបំពេញទស្សនៈកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ជាផ្លូវរដ្ឋ ផ្លូវការ និងជាមិត្តភាពជាមួយប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ព្រះរាជទានព្រះរាជ​អំណោយដែល​ត្រូវផ្តល់ជូនដល់កម្មករដែលបំរើការងារនៅក្នុងក្រុមហ៊ុន ប្រមូលដឹកជញ្ជូនសំរាម រួមមានក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ចំនួន៦០៤នាក់ ក្រុមហ៊ុន 800 SUPER/GAEA ចំនួន៧៣៧នាក់ និង​ក្រុមហ៊ុន Mizuda Group Co.,Ltd ចំនួន៧១៤នាក់ សរុប២០៥៥នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ៥០គីឡូក្រាម ឃីត១កញ្ចប់ដែលមានទាំងភួយ មុង កន្ទេល ត្រីខ មី អាវរងារជាដើម ជាមួយនិងព្រះរាជទ្រព្យមួយចំនួនទៀត ដែលព្រះ​រាជពិធី​ បានប្រារព្វធ្វើឡើងនៅលើ កោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

#TNTV #TNTVONLINE #TNHOTNEWS #KEOROTHNA #KING #CAMBODIA #PHNOMPENH