លោកយាយជរា និងកុមារកំព្រាគ្មានទីពឹងទទួល បានស្នាមញញឹម និងក្តីសង្ឃឹមថ្មី ពីលោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា

0
1003

ចេញផ្សាយ ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០

ខេត្តកំពង់ស្ពឺ៖ ដោយក្តីអាណិតអាសូរជាពន់ពេក នូវក្មេងៗកំសត់ចំនួន០៣នាក់ គ្មានទីពឹងរស់នៅជាមួយយាយទួតជរាក្នុងផ្ទះខ្ទមចាស់មួយខ្នង ស្ថិតនៅក្នុងភូមិត្រពាំងក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយម្តាយបានទទួលមរណៈ ភាព និងឪពុកមានសតិមិនគ្រប់ ។ 

ជាមួយគ្នានេះ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា បានចាត់អោយក្រុមការងារមនុស្សធម៌ដឹកនាំដោយលោក ជិន ប៊ុនធឿន រួមជាមួយអាជ្ញាធរដែនដីបាននាំយកអំណោយមួយចំនួនទៅប្រគល់ជូនលោកយាយ យ៉ែម​ អុីម​ អាយុ៨៥ឆ្នាំ​ និងក្មេងកំព្រាទាំង ០៣នាក់នេះ ។ 

អំណោយដែលបានផ្តល់ជូនគ្រួសារក្មេងទាំងនោះ រួមមាន៖ ថវិកាចំនួន២លានរៀល, គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយមួយឈុតធំ ព្រមទាំងបានចាត់អោយក្រុមការងារផ្ទះទេវតាសិក្សាទីតាំងក្នុងការសាងសងផ្ទះទេវតាមួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដើម្បីសម្រួលក្នុងការរស់នៅប្រចាំថ្ងៃរបស់គ្រួសារដ៏សែនកំសត់មួយនេះ។ 

សូមបញ្ជាក់ផងដែរថាគ្រួសារនេះ ម្តាយឈ្មោះ​ ស៊ិន​ ហ៊ន​ អាយុ៤០ឆ្នាំ​ (ស្លាប់) និងឪពុកឈ្មោះ​ ឆាំ​ រ៉ា​ អាយុ៤៣ឆ្នាំ​(វង្វេងចេញពីផ្ទះ) បន្សល់ទុកនូវកូនចំនួន ០៣នាក់ កូនស្រីច្បងឈ្មោះ វ៉ាន់​ ឡឹប​ អាយុ១២ឆ្នាំ រៀន​បានត្រឹមថ្នាក់ទី១ ដោយក្មួយស្រីមានសភាពស្រវាំងភ្នែកមើលអ្វីពុំច្បាស់ ។

កូនប្រសុទី២ឈ្មោះ វ៉ាន់​ ប្រុស​ អាយុ៨ឆ្នាំ​ រៀនថ្នាក់ទី១ និងកូនប្រុសទី៣ឈ្មោះ វ៉ាន់ ទូច​ ភេទប្រុស​ អាយុ៦ឆ្នាំ​ មិនទាន់ចូលរៀន។ ដោយម្តាយក្មេងទាំង៣នាក់ កាលនៅរស់ឈ្មោះ​ ស៊ិន​ ហ៊ន​ ជាម្តាយកូនក្មេងៗ​ទាំងនេះ​ មានមុខរបរជាកម្មករសំណង់​ និងបានស្លាប់ដោយសារជម្ងឺអស់រយ:ពេល២ឆ្នាំកន្លងមកហេីយ​  ចំណែកបុរសជាប្តីនេះ​ដោយសតិមិនប្រក្រតីក៏បានចាកចេញពីផ្ទះមិនបាននៅមេីលថែចិញ្ចឹមកូន ហើយថែមទាំងមិនបានផ្តាំផ្ញើអ្វីទាំងអស់ ។

ស្ថិតក្នុងស្ថានភាពបែបនេះ ក្មេងកំព្រារទាំងនេះ​មិនមានរបរអ្វីចិញ្ចឹមជីវិតនោះទេ រួមទាំងយាយទួតក៏ជរាទៀតនោះទើប មីងមា និង អ្នកជិតខាងដែលរស់នៅក្នុងមូលដ្ឋានក្បែរគ្នាមានចិត្តអាណិអាសូរ នោះជួយចិញ្ចឹមអោយបាយទឹកហូបប្រចាំថ្ងៃ៕