កំពង់ស្ពឺ៖ ករណីផ្ទុះគ្រាប់ធុនធំតូច បណ្តាលឱ្យឆេះឃ្លាំងស្តុកគ្រាប់បច្ចេកទេស ក្នុងទីបញ្ជាការយោធភូមិភាគទី៣ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅម៉ោងប្រមាណជា១៤និង២៥នាទីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានរងនូវការខូចខាតបឋម រួមមាន ៖
-មនុស្សចំនួន២០នាក់ (ស្លាប់) ក្នុងនោះ មាននាយទាហានខេត្តកោះកុងចំនួន១៥នាក់ និងនាយទាហានទីបញ្ជាការយោធភូមិភាគចំនួន៥នាក់។
-ចំពោះអាវុធ-គ្រាប់ មកពីខេត្តកោះកុងមាន រថយន្ត០៥គ្រឿង (ផ្ទុះខ្ទេចរថយន្ត១គ្រឿង រួមទាំងអាវុធគ្រាប់នៅលើរថយន្ត, រថយន្តមួយគ្រឿងទៀត ខូចធ្ងន់ធ្ងរផ្នែកខាងក្រៅ តែអាវុធគ្រាប់នៅលើនឹង, ០៣គ្រឿងទៀតមិនទាន់បានដាក់អាវុធគ្រាប់ចុះ)។
-ចំនួនអាវុធគ្រាប់ ដែលដឹកជញ្ចូនមកពីខេត្តកោះកុង មាននៅក្នុងឧបសម្ព័ន្ធ ជូនភ្ជាប់ជាមួយរបាយការណ៍ ។
-អាវុធគ្រាប់នៅក្នុងឃ្លាំងបច្ចេកទេសទីបញ្ជាការយោធភូមិភាគ(មិនទាន់សរុបបាន)។
-អគារខូចខាតធ្ងន់ធ្ងរ ចំនួន០៤ខ្នង (អាវុធគ្រាប់ក្នុងឃ្លាំង០៣ខ្នង ខូចខាតទាំងស្រុង,អគារស្នាក់នៅ០១ខ្នង និងអគារការិយាល័យក្នុងទីបញ្ជាការយោធភូមិភាគ ខូចខាតផ្នែកខាងក្រៅរួមមានទ្វា បង្អួច និងដំបូល)។
-ខូចខាតផ្ទះប្រជាពលរដ្ឋជុំវិញ ទីបញ្ជាការយោធភូមិភាគ ចំនួន២៥ខ្នង។
សូមជម្រាបថា ខាងលើនេះ ជារបាយការណ៍បឋមតែប៉ុណ្ណោះ យ៉ាងណារាយការណ៍លម្អិត នឹងជូនពេលក្រោយ។
ក្រោយកើតមានឧបទ្ទវហេតុដ៏រន្ធត់នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះថា៖ ខ្ញុំមានក្តីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស។
ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ។
ខ្ញុំបានផ្តល់ការណែនាំដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីចាត់ចែងជាបន្ទាន់រៀបចំពិធីបុណ្យសពជូនយោធិនដែលបានពលីក្នុងឧបទ្ទវហេតុនេះ ឱ្យបានសមរម្យស័ក្តិសមនឹងពលិកម្មរបស់ពួកគាត់ចំពោះជាតិ និងមាតុភូមិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា នឹងធ្វើជាតំណាងរបស់ខ្ញុំដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ។
រាជរដ្ឋាភិបាលនឹងទទួលរ៉ាប់រងទាំងស្រុង លើការចំណាយរៀបចំពិធីបុណ្យសពនេះ។
ជាមួយគ្នានេះ ខ្ញុំសូមផ្តល់ការឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនពលី ចំនួន២ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន២០លានរៀល។ ខ្ញុំសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងក៏សូមជូនពរយោធិន និងជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បើយ៕