យុវតីជនជាតិដើមភាគតិច ត្រូវបានរដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ឱកាស ស្វែងយល់ តួនាទីរដ្ឋមន្រ្តីក្រសួងបរិស្ថាន រយៈពេល១ថ្ងៃ

0
279

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យយុវតីជនជាតិដើមភាគតិចចារាយ កញ្ញា បុប្ផា ដែលជានិស្សិតបរិញ្ញាបត្រនីតិសាស្រ្ត បានសិក្សាស្វែងយល់អំពីការងាររបស់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រយៈពេល១ថ្ងៃ។

ជាមួយគ្នានេះ ការផ្តល់ឱកាស និងការបង្ករភាពងាយស្រួល ដល់យុវជនកម្ពុជា ឱ្យស្វែងយល់អំពីតួនាទីការងារ គឺជាផ្នែកមួយនៃការបណ្តុះគំនិត ស្មារតីក្នុងភាពជាអ្នកដឹកនាំនាពេលអនាគត ជាពិសេសកុមារី ក្មេងស្រី ដែលងាយរងគ្រោះមកពីតំបន់ដាច់ស្រយាល និងក្រីក្រ ដើម្បីជួយបណ្តុះស្មារតី និងភាពអង់អាចរបស់ពួកគេ។

នេះជាលើកដំបូងហើយ ដែលក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យមានការសិក្សាស្វែងយល់ និងចង់ឱ្យមានការរួមចំណែកជាគំនិត ជាយោបល់ និងជាយុទ្ធសាស្រ្តនានាពីយុវតីជនជាតិដើមភាគតិចចារាយ ដើម្បីឱ្យពួកគេបានរួមចំណែកក្នុងវិស័យបរិស្ថានកម្ពុជា និងសិក្សាបន្ថែមអំពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក៏ដូចជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាផងដែរ៕