ចេញផ្សាយថ្ងៃច័ន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០
ភ្នំពេញ៖ សិស្សថ្នាក់ទី៧ នៃវិទ្យាល័យជម្ពូវ័នម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងដោយសារជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយកន្ទុយរ៉ឺម៉កម៉ូតូ១គ្រឿងពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលផ្ទប់និងថ្នល់បែកហូរឈាម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២÷២៥នាទីថ្ងៃត្រង ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើកំណារផ្លូវបេតុងមួយខ្សែរ ស្ថិតនៅក្នុងភូមិមាត់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ សេន វិសាល ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី៧ វិទ្យាល័យជម្ពូវ័ន មានទីលំនៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាននៅកន្លែងបានឲ្យដឹងថានៅមុនពេលកើតហេតុ គេបានឃើញក្មេងប្រុសរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1HN-1852 ចេញពីផ្ទះទៅរៀន ប៉ុន្តែដោយមិនទាន់ដល់ម៉ោងត្រូវចូលរៀន ជនរងគ្រោះរួមនឹងមិត្តភក្តិមួយចំនួនទៀត ក៏បាននាំគ្នាជិះម៉ូតូទៅដើរលេងក្នុងវត្តត្រពាំងឈូក ស្ថិតក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យលុះក្រោយពីលេងអស់ចិត្ត ពួកគេក៍បាននាំគ្នាជិះម៉ូតូត្រឡប់ទៅកាន់វិទ្យាល័យជម្ពូវ័នវិញ ដោយបានបើកបរធ្វើដំណើរនៅកើផ្លូវបេតុងមួយខ្សែរក្នុងទិសដៅពីជើងទៅត្បូង ស្របទិសគ្នាជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក ១គ្រឿង និងរថយន្ត១គ្រឿងទៀត។

លុះដល់កន្លែងកើតហេតុម៉ូតូសណ្ដោងរ៉ឺម៉ក និងរថយន្តមិនស្គាល់ម៉ាក ដែលកំពុងបើកបរនៅខាងមុខ បានបន្ថែមល្បឿនលឿនដើម្បីចៀសគ្នា ដែលជាហេតុធ្វើឲ្យយុវសិស្សខាងលើ វាក់គេចចេញមិនទាន់ព្រោះតែបើកលឿនពេក ទើបបុកកន្ទុយរឺម៉កពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលបោកផ្ទប់ថ្នល់បែកហូរឈាមនិងបាក់ដៃស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង បន្ទាប់មករ៉ឺម៉កម៉ូតូ និងរថយន្តបានបន្តដំណើរទៅមុខទៀតបាត់ស្រមោលដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម និងនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះទៅអន្តរាគមន៍ភ្លាមៗរួចបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យទៅជូនក្រុមគ្រួសារនឹងសាច់ញាតទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
