កម្មករសំណង់ប្រុសស្រី ជិះម៉ូតូឌុបគ្នាទៅធ្វើការជួបគ្រោះថ្នាក់ចរាចរណ៏ ស្លាប់១របួស២នាក់

0
932

ចេញផ្សាយថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នា២០២០

ភ្នំពេញ៖ កម្មករសំណង់ប្រុសស្រី៣នាក់ បានជិះម៉ូតូឌុបគ្នាទៅធ្វើការមិនទាន់នឹងដល់កន្លែងធ្វើការផងជាអកុសលបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ទាំងវ័យក្មេង បន្សល់ទុកឲ្យកូន២នាក់នៅកំព្រាម្តាយ ចំណែក២នាក់ទៀត រងរបូស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើមហាវិថីឈ្នះ ឈ្នះ វេលាម៉ោង៧,៥០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ញឹប ណារ៉ុង អាយុ២៥ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បានជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1-T-8190 ជិះឌុបស្ត្រី២នាក់នៅពីក្រោយ ធ្វើដំណើរនៅលើមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើតបំណងទៅធ្វើការក្នុងទឹកដីខណ្ឌជ្រោយចង្វារ ខណ:មកដល់ចំណុចកើតហេតុស្រាប់តែឃើញម៉ូតូដួល បណ្តាលឲ្យមនុស្សប្រុសស្រីពីរនាក់រងរបួស ចំណែកស្ត្រីម្នាក់ទៀតដែលជិះពីក្រោយគេបានឃើញស្លាប់នឹងកន្លែងកើតហេតុ ដោយគេមិនទាន់ដឹងថារថយន្តបើកកៀរឬម៉ូតូរងគ្រោះបើកកៀររថយន្តឬក៏ដួលដោយប្រការណាមួយនោះទេ ព្រោះបុរសជាអ្នកឌុកហាក់ភាំងមិនទាន់ដឹងរឿងអ្វីនៅឡើយ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចុះដល់ទីតាំងធ្វើការវាស់វែងរួចបានយកវត្ថុតាងម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញបណ្តោះអាសន្ន។ចំណែក​អ្នករងរបួស បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកសពជនរងគ្រោះត្រួវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនទៅឲ្យក្រុមគ្រូសារនឹងសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕