លោក កឹម សុខា ថា Covid-19 ធ្វើអោយប៉ះពាល់ទាំងសុខភាព សេដ្ឋកិច្ច និងជីវិតមនុស្ស ហើយលោកគាំទ្រការរួមគ្នាប្រឆាំង Covid-19

0
1006

ចេញផ្សាយ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០

ភ្នំពេញ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃនេះបានលើកឡើង ដោយសម្តែង​​ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះជំងឺផ្លូវដង្ហើមថ្មី ឬ Covid-19 ។

លោក កឹម សុខា បានលើកឡើងនៅក្នុងបណ្តាញសង្គមរបស់លោកថា ពេលនេះពិភពលោកកំពុងតែប្រឈមនឹងការរីករាលដាលនៃជំងឺ Covid-19 ដែលមិនត្រឺមតែប៉ះពាល់ដល់សុខភាព និងអាយុជីវិតមនុស្សលោកនោះទេ លើសពីនេះទៅទៀត វាអាចនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេស និងជីវភាពរស់នៅរបស់មនុស្សជាច្រើនទៀតផង ក្នុងនោះក៏មានប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរយើងផងដែរ។

អ្នកនយោបាយ ដែលត្រូវចោទពីបទ សន្ឋិទ្ឋិភាពជាមួយបរទេសរូបនេះ លើកឡើងទៀតថា ក្នុងកាលៈទេសៈនេះ យើងជាខ្មែរត្រូវរួបរួមគ្នា ដើម្បីទប់ស្កាត់បញ្ហាប្រឈមទាំងពីរខាងលើ ដែលប៉ះពាល់ដល់ប្រទេស​ជាតិ និងប្រជាពលរដ្ឋយើង ដោយកុំប្រកាន់និន្នាការនយោបាយ កុំប្រើប្រាស់បញ្ហានេះបំផ្លើសបំភ្លៃ ដើម្បីកេងចំណេញនយោបាយ វាយប្រហារគ្នា ដោយអសីលធម៌។

ក្នុងនោះ លោក កឹម សុខា ក៏បានប្រកាសគាំទ្រចំពោះកម្ពុជា ដែលពេលនេះផ្តល់អាទិភាព ដើម្បីរួមគ្នាប្រយុទ្ឋប្រឆាំងជម្ងឺ Covid-19 ហើយលោក ក៏សូមលើកទឹកចិត្តដល់សមត្ថកិច្ចជំនាញ បំពេញបេសកកម្មបានជោគជ័យជូនជាតិ និងប្រជាពលរដ្ឋខ្មែរ។ ជាពិសេស លោក កឹម សុខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ថែរក្សាអនាម័យ ការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន ដោយប្រុងប្រយត្ន័ទប់ស្កាត់នូវជំងឺរាតត្បាតនេះ។

ខុសពីលោក កឹម សុខា គឺលោក សម រង្ស៊ី ហាក់មិនបានទាញហេតុផលជាប្រយោជន៏សម្រាប់ពលរដ្ឋកម្ពុជាដូចលោក កឹម សុខា ឡើយ។តែផ្ទុយទៅវិញ គេសង្កេតឃើញថា លោក សម រង្ស៊ី តែងតែព្យា​យាមបន្ទុចបង្កាក់ ក្នុងចេតនាទុទិដ្ឋិនិយមមកលើប្រមុខរដ្ឋាភិបាលគ្រប់ពេល មិនថា Covid-19 ឬ ករណីផ្សេងទៀតនោះឡើយ  ដែលបំណង បានបង្ហាញពីមហិច្ឆិតាលោភលន់របស់លោក សម រង្ស៊ី អ្នកនយោបាយជើងមិនជាប់ដីរូបនេះ៕