ចេញផ្សាយ ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០
កំពង់ធំ៖ រថយន្ដម៉ាកហាយលែនឌ័រមួយគ្រឿង បើកក្នុងល្បឿនយ៉ាងលឿនបានទៅបុកម៉ូតូមួយគ្រឿងបើកបរក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលឲ្យបុរសអ្នជិះម៉ូតូរងរបួសធ្ងន់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៩ និង១៥នាទីព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ១-២ ស្ថិតនៅក្នុងភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកហាយទ្បែនឌ័រ ពណ៌ស ផ្លាកលេខ ភ្នំពេញ 2AE-0795 បានធ្វើដំណើរនៅលើកំណាត់ផ្លូវជាតិលេខ៦២ ក្នុងទិសដៅពីត្បូងទៅជើង ខណះពេលមកដល់ចន្លោះគីឡូម៉ែត្រលេខ១~២ បានបើកបុកជាមួយម៉ូតូមួយគ្រឿងម៉ាកវេវអាល់ហ្វាពណ៍ ក្រហម គ្នានស្លាកលេខដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាស់គ្នាបណ្តាលឲ្យបុរសម្នាក់ដែលជិះម៉ូតូរងរបួសធ្ងន់។
អ្នកបើកបររថយន្តបង្កមានឈ្មោះ សោម សារ៉ុង ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិខ្មាក់ថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ (គ្មានរបួស នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ)។
អ្នកបើកម៉ូតូមានឈ្មោះ ម៉េត ម៉ី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)។
គ្រោះថ្នាក់នេះ បង្កដោយអ្នកបើកបររថយន្តបើកវ៉ាជែងយ៉ាងល្បឿនលឿន ក្នុងស្ថានភាពគ្រោះថ្នាក់ មិនបានប្រយ័ត្នបណ្តាលឲ្យរថយន្តរេចង្កូតទៅបុកម៉ូតូ ដែលកំពុងធ្វើចរាចរណ៍ក្នុងគន្លងផ្លូវបញ្ច្រាសទិសដៅគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចុះដល់កន្លែងកើតហេតុរួចបានធ្វើការវាស់វែង និងយកវត្ថុតាងទាំងពីគ្រឿងបញ្ចូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមនិតិពីធីផ្លូវច្បាប់៕